(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ស្តីពី ការតម្រង់ទិសអាទិភាព គោលនយោបាយ សម្រាប់ការស្តារ និងពង្រឹងកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងគន្លងនៃប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់។
សិក្ខាសាលានេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួង សេដ្ឋកិច្ចនិងហិរញវត្ថុ ដោយមានការចូលរួម ពីតំណាងក្រសួងស្ថាប័ននានា របស់រដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, វិស័យឯកជន និងអង្គការសង្គមស៊ីវីល ព្រមទាំងស្ថាប័នសិក្សាជ្រាវជ្រាវ និងអ្នកជំនាញការជាតិ-អន្តរជាតិផងដែរ។
លោក វង្សី វិស្សុត មានប្រសាសន៍ថា គោលបំណង នៃការរៀបំសិក្ខាសាលាពិគ្រោះយោបល់នេះ ដើម្បីពិភាក្សាបញ្ហាប្រឈម និងសម្រួចអាទិភាព គោលនយោបាយ ចំពោះវិស័យសំខាន់ៗ ដែលរួមមាន៖ ឡូជីស្ទីក, កសិកម្ម, អប់រំ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការគាំពារសង្គម ដើម្បីជាមូលដ្ឋាន សម្រាប់ការរៀបចំថវិកា ឆ្នាំ២០២៣ ក៏ដូចជាការបោះ ចំណោលសម្រាប់រៀបចំថវិកា នៅឆ្នាំបន្តបន្ទាប់ទៀត ក្នុងគោលដៅតម្រង់ទិស នៃការប្រើប្រាស់ធនធាន ដែលមានកម្រិត របស់យើងឱ្យកាន់តែចំទិសដៅ និង មានប្រសិទ្ធភាព ដើម្បីម្ខាងដោះស្រាយបញ្ហាជីវភាព រស់នៅរបស់ប្រជាជន កម្ពុជា និង ម្ខាងទៀតគាំទ្រ ដល់ការងើបឡើងវិញ នៃកំណើនសេដ្ឋកិច្ច ក្នុងគោលដៅបង្កើនពិពិធកម្ម បង្កើនផលិតភាព និងលើកកម្ពស់ភាព ប្រកួតប្រជែង ព្រមទាំងកសាងភាពធន់នៃសង្គម-សេដ្ឋកិច្ចកម្ពុជា។
លោកបានបន្តថា ក្រសួងសេដ្ឋកិច្ច តែងបានរៀបចំសិក្ខា សាលាពិគ្រោះយោបល់ របៀបនេះ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤ រហូតមក តែទើបអាកខានពេលវិបត្តិ នៃជំងឺកូវីដ-១៩ ដើម្បីតម្រង់អាទិភាព គោលនយោបាយ និងកំណត់អាទិភាព រួចតម្រង់ការបែងចែកធនធាន ស្របតាមអាទិភាព និងគោលដៅសំខាន់ៗ ដែលបានរកឃើញក្នុងអង្គសិក្ខាសាលា។
លោក វង្សី វិស្សុត បានបន្តលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជា ក្លាយជាប្រទេស ដែលអាចគ្រប់គ្រង វិបត្តិនៃជំងឺកូវីដ-១៩ បានល្អប្រសើរ និងបានបើកប្រទេស ឡើងវិញមុនគេ។ ប្រការនេះបានធ្វើឱ្យសេដ្ឋកិច្ចជាតិ បានងើបឡើងវិញ យ៉ាងឆាប់រហ័ស ក្នុងសន្ទុះមួយគួរឱ្យកត់សម្គាល់។ លោកបានបន្តថា ប៉ុន្តែគួរឱ្យសោកស្តាយ ក្នុងពេលសេដ្ឋកិច្ចយើង ចាប់ផ្តើមងើបឡើងវិញ, កម្ពុជាក៏កំពុង តែទទួលការគំរាមកំហែងថ្មីមួយទៀត ដែលអាចជាវិបត្តិ (Shock)ទី២ កើតចេញអំពីស្ថានភាពមិនអំណោយផលនៃសេដ្ឋកិច្ចពិភពលោក ដោយសារការ ថមថយកំណើន ជាពិសេសបញ្ហា អតិផរណាតែម្តង។
លោកបានបន្តថា មែនទែនទៅ អតិផរណាបានចាប់ផ្តើមកើនឡើង តាំងពីមុនពេល មានវិបត្តិ នៃជំងឺកូវីដមកម្ល៉េះ ហើយវាកាន់តែកើនឡើងខ្លាំងថែមទៀត ក្នុងពេល នៃជំងឺកូវីដ-១៩ ដោយសារប្រទេសធំៗ បានចំណាយយ៉ាងច្រើន សន្ធឹកសន្ធាប់ តាមរយៈការខ្ចីក៏ដូចជា វិធានការរូបិយវត្ថុផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច-សង្គមរបស់ខ្លួន ជាពិសេសដើម្បីជួយ ដល់អ្នកអត់ការងារធ្វើ អ្នកដែលទទួលរងផលប៉ះពាល់ ដោយសារការបិទខ្ទប់ និងក្រុមហ៊ុន ដែលរងផលប៉ះពាល់។ ដូច្នេះកត្តាដែលធ្វើឱ្យមានបញ្ហាអតិផរណា គឺមិនមែនសង្គ្រាមអ៊ុយក្រែនទាំងស្រុងទេ ក៏ប៉ុន្តែសង្គ្រាមនេះបានសង្កត់បន្ថែម និងបង្កើនល្បឿនហក់ឡើង នៃអតិផរណាសាយភាយពេញ ពិភពលោក តាមរយៈការឡើងថ្លៃប្រេង និងថ្លៃម្ហូបអាហារ ដែលទំនិញទាំងពីរមុខនេះ ជាហេតុធ្វើឱ្យថ្លៃទំនិញសព្វសារពើឡើងថ្លៃ។ យើងអាចនិយាយបានថា អតិផរណាពេលនេះខុសពីធម្មតា ដោយសារមូលហេតុទាំងផ្នែកផ្គត់ផ្គង់ (Supply side) និងទាំងផ្នែកតម្រូវការ (Demand side) ទាំងសងខាង។
លោកបានបន្តថា ប្រការនេះបាន និងកំពុងធ្វើឱ្យកំណើនសេដ្ឋកិច្ច ពិភពលោកថមថយ ហើយអាចនាំទៅដល់វិបត្តិ នៃការធ្លាក់ចុះសេដ្ឋកិច្ច (Recession)។ ទន្ទឹមនេះ ក្រៅពីសង្គ្រាមអ៊ុយក្រែន, បញ្ហាទំនាស់ភូមិសាស្រ្តនយោបាយ ក៏កាន់តែតឹងតែង ជាពិសេសទំនាស់រវាងចិន និងអាមេរិក និងប្លុកនយោបាយដទៃទៀត ក៏ជាកង្វល់អាច ធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិ និងអាចបង្កឱ្យមានការរាំង ស្ទះដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ពិភពលោក ដែលប្រការនេះនឹងកាន់តែធ្វើឱ្យមានសម្ពាធកាន់តែខ្លាំងថែមទៀតទៅលើអតិផរណា និងកំណើនសេដ្ឋកិច្ចពិភពលោក។
លោកក៏បានបន្តថា អ្វីដែលចម្លែកមួយទៀត ក្នុងពេលនេះ គឺនៅត្រង់ថា មុនពេលវិបត្តិសេដ្ឋកិច្ចម្តងៗ គឺប្លុកសេដ្ឋកិច្ចធំៗ តែងមានមួយធ្លាក់ចុះ ហើយមួយទៀតនៅរឹងមាំ។ ឧទាហរណ៍ ដូចពេលវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨ កន្លងទៅ គឺវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់អាមេរិកបានរាលដាលដល់តំបន់អឺរ៉ុប ប៉ុន្តែសេដ្ឋកិច្ចចិន ពេលនោះរឹងមាំ និងជាកម្លាំងអូសទាញសេដ្ឋកិច្ចពិភពលោក។ ប៉ុន្តែពេលនេះ ប្លុកសេដ្ឋកិច្ចធំៗទាំងអស់ មិនថាអាមេរិក អឺរ៉ុប មិនថាចិន ឬមិនថា ជប៉ុននោះទេ ពោលគឺធ្លាក់ចុះទាំងអស់។
លោកបានបន្តលើកឡើងថា បញ្ហាខាងលើនេះ បាននិងកំពុងបង្កើនសម្ពាធយ៉ាងខ្លាំងមកលើអតិផរណា ដែលជាបច្ច័យធ្វើឱ្យយើងពិបាកប៉ាន់ស្មានថា តើផលវិបាក នៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកនឹងមានកម្រិតប៉ុនណាទៅថ្ងៃមុខ។ សភាពការណ៍នេះ គឺមិនល្អទេ សម្រាប់ប្រទេសទាំងអស់ នៅលើពិភពលោក ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានសេដ្ឋកិច្ចទន់ខ្សោយ ហើយសមត្ថភាពភាពថវិកា នៅមានកម្រិត កំពុងតែជួបបញ្ហាធំ។ ជាក់ស្តែងពេលនេះ ប្រទេសស្រីលង្កា និងប៉ាគីស្ថាន កំពុងតែជួបបញ្ហានេះ និងចាប់ផ្តើមមានចលាចលហើយ។ ដូច្នេះចំពោះមុខសភាពការណ៍ខាងលើនេះ តម្រូវឱ្យកម្ពុជា ត្រូវត្រៀមខ្លួន និងគ្រប់គ្រងសេដ្ឋកិច្ចឱ្យបានល្អ ជាពិសេសការបែងចែក ធនធានថវិកា ចាប់ពីពេលនេះ រហូតដល់ឆ្នាំក្រោយ ព្រោះយើងមិន ដឹងថា តើវិបត្តិទី២នេះ នឹងមានទំហំ ឬជម្រៅផលប៉ះពាល់កម្រិតណាទេ ខណៈដែលកម្ពុជាទើបតែឆ្លងផុតពីរលក នៃវិបត្តិជំងឺកូវីដ-១៩ ដោយលំបាក ហើយជំងឺកូវីដ-១៩ នេះទៀតសោត ក៏នៅមិនទាន់ចប់ទាំងស្រុង នៅឡើយដែរ។ ពិតណាស់ថា ដោយសារការបើកដំណើរ ការសេដ្ឋកិច្ចឡើងវិញ ហើយបងប្អូនប្រជាពលរដ្ឋ យើងអាចមានការងារធ្វើ, អាចប្រកបអាជីវកម្ម និងមានឱកាសរកប្រាក់ចំណូលបានឡើងវិញក្តី តែនៅពេលអតិផរណាកើនឡើង វានឹងជះឥទ្ធិពលទៅលើជីវភាពរស់នៅរបស់ពួកគាត់ ដោយសារប្រាក់ចំណូលពិត (Real income/real wage) ធ្លាក់ចុះ ដែលធ្វើឱ្យកម្លាំងទិញធ្លាក់ចុះ ជាពិសេសអ្នកដែលមានប្រាក់ចំណូលទាប។
ក្នុងន័យនេះ ការគិតគូររបស់រាជរដ្ឋាភិបាល សម្រាប់ឆ្នាំ២០២៣ គឺនឹងផ្តល់អាទិភាពទី១ ទៅលើមនុស្ស ដោយតម្រង់ ទៅលើការរក្សាលំ នឹងជីវភាពរស់នៅ ការងារ និងប្រាក់ចំណូល ជាពិសេសការ បន្តផ្តល់ជំនួយ សង្គមដល់អ្នកក្រីក្រ (ក្រ១ និងក្រ២) ហើយអាចនឹងពង្រីក ទៅដល់អ្នកក្បែរក្រ (Near poor) ថែមទៀត ដើម្បីទប់ទល់ និងសម្រាលសម្ពោធនៃអតិផរណាមកលើពួកគាត់ ក្នុងពេលមានវិបត្តិនេះ។ រាជរដ្ឋាភិបាលក៏នឹងបន្តផ្តោតលើសុខភាព និងសុខមាលភាពប្រជាជន តាមរយៈការបន្តទប់ស្កាត់ និង គ្រប់គ្រងសភាពការណ៍កូវីដ-១៩ នៅកម្ពុជា មិនឱ្យវិលត្រឡប់ថយក្រោយ។
ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏នឹងផ្តល់ អាទិភាពបន្ទាប់ ឬទី២ ទៅលើការទ្រទ្រង់ ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ដែលកំពុងតែមាននេះ មិនបានឱ្យបាត់បង់ទៅវិញផងដែរ តាមរយៈការផ្តោតការយកចិត្តទុកដាក់ លើប្រព័ន្ធឡូជីស្ទីក, ការអភិវឌ្ឍជំនាញ និងការលំអរបរិយាកាសវិនិយោគនិងធុរកិច្ច ជាពិសេសការជំរុញអភិវឌ្ឍ និងការធ្វើទំនើបកម្មវិស័យកសិកម្មឱ្យខ្លាំងក្លា ដើម្បីដោះស្រាយបញ្ហាសន្តិសុខ ម្ហូបអាហារកម្ពុជា ខ្លួនឯងផង ក៏ដូចជាដើម្បីជំរុញការនាំចេញ ទៅក្រៅ ប្រទេសផង ខណៈដែលពិភពលោក អាចប្រឈមមុខ នឹងបញ្ហាខ្វះស្បៀងអាហារ។
លោកបានបន្តថា នេះគឺជាស្លាបទាំងពីរ ដ៏សំខាន់ នៃគោលនយោបាយ ថវិកាឆ្នាំ២០២៣ ដែលប្រឡាក់ក្រឡាគ្នា ព្រោះថា ការផ្តល់ជំនួយសង្គមដល់អ្នកក្រ និងអ្នកក្បែរក្រ មិនត្រឹមតែជាការដោះស្រាយបញ្ហា សង្គមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ការទ្រទ្រង់កំណើនសេដ្ឋកិច្ចវិញដែរ។ ដោយឡែក ការទ្រទ្រង់កំណើនសេដ្ឋកិច្ច ក៏នឹងជួយបង្កើតការងារ និងប្រាក់ចំណូល ដល់ប្រជាជនវិញផងដែរ។ ទន្ទឹមនេះ ការជំរុញផលិតភាព ក៏នឹងជួយបន្ថយកម្លាំង និងសម្រាលផលប៉ះពាល់ នៃអតិផរណាមកលើសេដ្ឋកិច្ច។
លោក វង្សី វិស្សុត បានបន្តលើកឡើងថា ថវិកាឆ្នាំ២០២៣ ជាថវិកាវិត្ថារកម្ម (Expansionary budget) ដើម្បីបង្កើន ចំណាយតម្រង់ ទៅលើអាទិភាព គោលនយោបាយ ដូចបានគូសបញ្ជាក់ ខាងលើផង ក៏ដូចជាការខិតខំដោះ ស្រាយឱ្យបានជាសារវន្ត័ នូវគោលដៅសំខាន់ៗ ជាពិសេសការសន្យា ទាំងឡាយ របស់រាជរដ្ឋាភិបាល នៅក្នុងឆ្នាំ២០២៣ ដែលជាឆ្នាំចុងក្រោយ របស់រាជរដ្ឋាភិបាល នីតិកាលទី៥ និងការទ្រទ្រង់ ដល់ការអនុវត្តបញ្ចប់ នូវក្របខណ្ឌ យុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លង ប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ ផងដែរ។ ក្រៅពីនេះ ថវិកាឆ្នាំ២០២៣ ក៏នឹងត្រូវទ្រទ្រង់ដល់ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៦ ឱ្យប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ និងការប្រកួតកីឡាស៊ីហ្កេម ដែលកម្ពុជាជាម្ចាស់ផ្ទះ ហើយត្រូវចំណាយថវិកាច្រើន។
លោកបានគូសបញ្ជាក់ថា ដោយសារធនធានរបស់កម្ពុជា មានកម្រិត ដូចនេះ យើងចាំបាច់ណាស់ ត្រូវចេះប្រើប្រាស់ទាំងធនធាននេះ ឱ្យបានត្រឹមត្រូវ ចំទិសដៅ (Spending right) និងត្រូវមានភាពឆ្លាតវៃក្នុងការចាយវាយ (Spending wise) ថែមទៀត។
សិក្ខាសាលាពិគ្រោះយោបល់ បានដំណើរការរយៈពេលមួយថ្ងៃ និងបានធ្វើការពិភាក្សាយ៉ាងផុលផុសលើ ស្ថានភាព, បញ្ហាប្រឈម និងការសម្រួចអាទិភាព គោលនយោបាយ លើប្រធានបទសំខាន់ៗ ចំនួន៤ គឺ៖ ឡូជីស្ទីក, កសិកម្ម, អប់រំ និងបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និង ការគាំពារសង្គម ដែលវិស័យ ទាំង៤នេះ មានបច្ច័យធំដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាទាំងមូលទាំងក្នុងរយៈពេលខ្លី, មធ្យម និងវែង។ ចំពោះលទ្ធផល នៃកិច្ចពិភាក្សានេះ នឹងត្រូវប្រើប្រាស់ជាមូលដ្ឋាន សម្រាប់ការវិភាជ ថវិកា ឆ្នាំ២០២៣ ឱ្យបានសមស្រប និងតម្រង់ចំណាយ ឱ្យចំអាទិភាពពិតប្រាកដ ដើម្បីម្ខាងផ្តល់ការគាំពារ ដល់ប្រជាជនកម្ពុជាក្នុងគ្រាលំបាកនេះ និងម្ខាងទៀត ដើម្បីទ្រទ្រង់ដល់ការស្តារ និងពង្រឹងកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការទ្រទ្រង់ ដល់ចលនាការ នៃការងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា ឱ្យបានរឹងមាំ៕
ប្រភព៖ Fresh News