នាយកដ្ឋានសហប្រតិបត្តិការពហុភាគី បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានសហប្រតិបត្តិការ អន្តរជាតិ និងគ្រប់គ្រងបំណុល លើការងារសហប្រតិបត្តិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ពហុភាគី និងការងារផ្សេងទៀតតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំក្រសួង។
នាយកដ្ឋានសហប្រតិបត្តិការពហុភាគី មានការិយាល័យក្រោមឱវាទ ចំនួន ២ ដូចខាងក្រោម៖
១. ការិយាល័យសហប្រតិបត្តិការពហុភាគីទី១
ការិយាល័យសហប្រតិបត្តិការពហុភាគីទី១ ទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ដោយមានភារកិច្ចលម្អិតដូចមានចែងក្នុងប្រការ១៦។
២. ការិយាល័យសហប្រតិបត្តិការពហុភាគីទី២
ការិយាល័យសហប្រតិបត្តិការពហុភាគីទី២ ទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយក្រុមធនាគារពិភពលោក ធនាគារវិនិយោគហេដ្ឋារចនាសម្ព័័ន្ធអាស៊ី មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍពហុភាគីផ្សេងទៀត ដោយមានភារកិច្ចលម្អិតដូចមានចែងក្នុងប្រការ១៦។
៣. ការិយាល័យសហប្រតិបត្តិការពហុភាគីទី៣
ការិយាល័យសហប្រតិបត្តិការពហុភាគីទី៣ ទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយក្រុមធនាគារវិនិយោគអ៊ឺរ៉ុប, ធនាគារវិនិយោគរចនាសម្ព័ន្ធអាស៊ី, មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម, សហភាពអ៊ឺរ៉ុប, និងស្ថាបន័ហិរញ្ញវត្ថុអន្តរជាតិផ្សេងទៀត ដោយមានភារកិច្ចលម្អិតដូចមានចែងក្នុងប្រការ១៦។
ការិយាល័យសហប្រតិបត្តិការពហុភាគីទី១ ការិយាល័យសហប្រតិបត្តិការពហុភាគីទី២ និងការិយាល័យសហប្រតិបត្តិការពហុភាគីទី៣ នៃនាយកដ្ឋានសហប្រតិបត្តិការពហុភាគី ទទួលបន្ទុកការងារសហប្រតិបត្តិការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងបច្ចេកទេស ជាមួយដៃគូអភិវឌ្ឍន៍រៀងៗខ្លួន ដោយមានភារកិច្ច ដូចតទៅ៖
- ចូលរួមក្នុងការងាររៀបចំនិងអនុវត្តគោលនយោបាយ ឬកម្មវិធីទទួលហិរញ្ញប្បទានសហប្រតិបត្តិការ
- រៀបចំផែនការចំណូល-ចំណាយហិរញ្ញប្បទានសហប្រតិបត្តិការ រួមទាំង មូលនិធិទ្រទ្រង់ថវិកា និងចំណាយថវិកាបដិភាគ, ហិរញ្ញប្បទានពីការឱ្យខ្ចីផ្ទាល់ និងពីមូលបត្ររដ្ឋ
- ចូលរួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការងារសិក្សាសមិទ្ធិលទ្ធភាព និងការងាររៀបចំគម្រោងដើម្បីស្នើហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍, គម្រោងហិរញ្ញប្បទានពីការឱ្យខ្ចីផ្ទាល់ និងពីមូលបត្ររដ្ឋ
- សម្របសម្រួលការរៀបចំ និងចរចាលើរាល់កិច្ចព្រមព្រៀងរបស់រដ្ឋ ជាមួយដៃគូអភិវឌ្ឍន៍ ពាក់ព័ន្ធនឹងការផ្តល់ហិរញ្ញប្បទានឥតសំណង ការទទួលហិរញ្ញប្បទានឥតសំណង ការខ្ចីប្រាក់ពីគេ ការឱ្យប្រាក់គេខ្ចី ព្រមទាំងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗទៀត
- គ្រប់គ្រង និងសម្របសម្រួលការអនុវត្តគម្រោងហិរញ្ញប្បទានសហប្រតិបត្តិការដោយដៃគូអភិវឌ្ឍន៍ពហុភាគី, មូលនិធិទ្រទ្រង់ថវិកា, និងគម្រោងហិរញ្ញប្បទានពីការឱ្យខ្ចីផ្ទាល់
- សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការគ្រប់គ្រងនិងតាមដានការអនុវត្តគម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍, មូលនិធិថវិកា, និងគម្រោងហិរញ្ញប្បទានពីការឱ្យខ្ចីផ្ទាល់ និងពីមូលបត្ររដ្ឋ តាមរយៈការត្រួតពិនិត្យការទូទាត់ និងការងារលទ្ធកម្ម ចំពោះគម្រោងដែលត្រូវអនុវត្តនីតិវិធីដៃគូអភិវឌ្ឍន៍ និង/ឬ នីតិវិធីរួមសម្រាប់ការគ្រប់គ្រង ការរៀបចំ និងតាមដានការអនុវត្តគម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ ដើម្បីធានាអនុលោមភាពតាមគោលដៅគម្រោង/កម្មវិធី, វិធាន និងនីតិវិធីជាធរមាន
- តាមដាននិងត្រួតពិនិត្យជាប្រចាំ លើការប្រើប្រាស់មូលនិធិទ្រទ្រង់ថវិកា និងថវិកាបដិភាគ
- គ្រប់គ្រងគណនីគម្រោងហិរញ្ញប្បទានដោយដៃគូអភិវឌ្ឍន៍ មូលនិធិទ្រទ្រង់ថវិកា និងថវិកាបដិភាគ
- ទូទាត់វិភាគទានសម្រាប់សមាជិកភាពកម្ពុជាក្នុងអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា និងទូទាត់ភាគហ៊ុននៃការវិនិយោគក្នុងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ
- ចូលរួមក្នុងដំណើរការរៀបចំកម្មវិធីវិនិយោគសាធារណៈ សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ច្បាប់កែតម្រូវ និងច្បាប់ទូទាត់ថវិកា
- ចូលរួមពិនិត្យឡើងវិញលើនីតិវិធីរួមសម្រាប់គ្រប់គ្រងការរៀបចំ និងតាមដានការអនុវត្តគម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ ព្រមទាំងនីតិវិធីពាក់ព័ន្ធផ្សេងៗទៀត
- ធ្វើបញ្ជិកាប្រតិបត្តិការហិរញ្ញវត្ថុគម្រោងហិរញ្ញប្បទានដោយដៃគូអភិវឌ្ឍន៍ រួមទាំង មូលនិធិទ្រទ្រង់ថវិកា និងថវិកាបដិភាគ
- រៀបចំរបាយការណ៍ពាក់ព័ន្ធ
- បំពេញការងារពាក់ព័ន្ធផ្សេងទៀតតាមការចាត់តាំង។