នាយកដ្ឋានសហប្រតិបត្តិការទ្វេភាគី បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល លើការងារសហប្រតិបត្តិការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងបច្ចេកទេសជាមួយដៃគូអភិវឌ្ឍន៍ទ្វេភាគី និងការងារផ្សេងទៀតតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងក្រសួង។
នាយកដ្ឋានសហប្រតិបត្តិការទ្វេភាគី មានការិយាល័យក្រោមឱវាទចំនួន ៣ ដូចខាងក្រោម៖
១. ការិយាល័យសហប្រតិបត្តិការទ្វេភាគីទី១
ការិយាល័យសហប្រតិបត្តិការទ្វេភាគីទី១ ទទួលបន្ទុកហិរញ្ញប្បទានសហប្រតិបត្តិការ និងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងបច្ចេកទេស ជាមួយប្រទេសជប៉ុន និង សាធារណរដ្ឋកូរ៉េ ដោយមានភារកិច្ចលម្អិតដូចមានចែងក្នុងប្រការ១៦។
២. ការិយាល័យសហប្រតិបត្តិការទ្វេភាគីទី២
ការិយាល័យសហប្រតិបត្តិការទ្វេភាគីទី២ ទទួលបន្ទុកហិរញ្ញប្បទានសហប្រតិបត្តិការ និងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងបច្ចេកទេស ជាមួយប្រទេសនានាក្នុងទ្វីបអាស៊ី និងអូសេអានី លើកលែងតែប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ ដោយមានភារកិច្ចលម្អិតដូចមានចែងក្នុងប្រការ១៦។
៣. ការិយាល័យសហប្រតិបត្តិការទ្វេភាគីទី៣
ការិយាល័យសហប្រតិបត្តិការទ្វេភាគីទី៣ ទទួលបន្ទុកហិរញ្ញប្បទានសហប្រតិបត្តិការ និងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងបច្ចេកទេស ជាមួយប្រទេសបារាំង, ប្រទេសអាល្លឺម៉ង់, និងបណ្តាប្រទេសផ្សេងទៀតពីទ្វីបអឺរ៉ុប អាមេរិក និងអាហ្រ្វិក ដោយមានភារកិច្ចលម្អិតដូចមានចែងក្នុងប្រការ១៦។
ការិយាល័យសហប្រតិបត្តិការទ្វេភាគីទី១ ការិយាល័យសហប្រតិបត្តិការទ្វេភាគីទី២ និងការិយាល័យសហប្រតិបត្តិការទ្វេភាគីទី៣ នៃនាយកដ្ឋានសហប្រតិបត្តិការទ្វេភាគី ទទួលបន្ទុកការងារសហប្រតិបត្តិការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងបច្ចេកទេស ជាមួយដៃគូអភិវឌ្ឍន៍ទ្វេភាគីរៀងៗខ្លួន ដោយមានភារកិច្ច ដូចតទៅ៖
- ចូលរួមក្នុងការងាររៀបចំនិងអនុវត្តគោលនយោបាយ ឬកម្មវិធីទទួលហិរញ្ញប្បទានសហប្រតិបត្តិការ
- ចូលរួម និងសម្របសម្រួល ក្នុងដំណើរការចរចាក្របខណ្ឌគោលនយោបាយនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងបច្ចេកទេសនានា
- រៀបចំផែនការចំណូល-ចំណាយហិរញ្ញប្បទានសហប្រតិបត្តិការ រួមទាំង មូលនិធិទ្រទ្រង់ថវិកា និងចំណាយថវិកាបដិភាគ
- ចូលរួមជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ក្នុងការងារសិក្សាសមិទ្ធិលទ្ធភាព និងការងាររៀបចំគម្រោង ដើម្បីស្នើហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍
- សហការជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ក្នុងការគ្រប់គ្រងនិងតាមដានការអនុវត្តគម្រោង ហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ តាមរយៈការត្រួតពិនិត្យការទូទាត់ និងការងារលទ្ធកម្ម ចំពោះគម្រោងដែលត្រូវអនុវត្តនីតិវិធីដៃគូអភិវឌ្ឍន៍ និង/ឬ នីតិវិធីរួមសម្រាប់ការគ្រប់គ្រងការរៀបចំ និងតាមដានការអនុវត្តគម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍
- តាមដាននិងត្រួតពិនិត្យជាប្រចាំ លើការប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ មូលនិធិទ្រទ្រង់ថវិកា និងថវិកាបដិភាគ
- គ្រប់គ្រងគណនីគម្រោងហិរញ្ញប្បទានដោយដៃគូអភិវឌ្ឍន៍ មូលនិធិទ្រទ្រង់ថវិកា និងថវិកាបដិភាគ
- សម្របសម្រួលការរៀបចំនិងចរចាលើរាល់កិច្ចព្រមព្រៀងរបស់រដ្ឋ ជាមួយដៃគូអភិវឌ្ឍន៍ ពាក់ព័ន្ធនឹងការទទួលហិរញ្ញប្បទានឥតសំណង ការខ្ចីប្រាក់ពីគេ ការឱ្យប្រាក់គេខ្ចី ព្រមទាំងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗទៀត
- ចូលរួមក្នុងដំណើរការរៀបចំកម្មវិធីវិនិយោគសាធារណៈ សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ច្បាប់កែតម្រូវ និងច្បាប់ទូទាត់ថវិកា
- ចូលរួមពិនិត្យឡើងវិញលើនីតិវិធីរួមសម្រាប់គ្រប់គ្រងការរៀបចំ និងតាមដានការអនុវត្តគម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ ព្រមទាំងនីតិវិធីពាក់ព័ន្ធផ្សេងៗទៀត
- ធ្វើបញ្ជិកាប្រតិបត្តិការហិរញ្ញវត្ថុគម្រោងហិរញ្ញប្បទានដោយដៃគូអភិវឌ្ឍន៍ រួមទាំង មូលនិធិទ្រទ្រង់ថវិកា និងថវិកាបដិភាគ
- រៀបចំ ឬចូលរួមកិច្ចប្រជុំជាមួយដៃគូអភិវឌ្ឍន៍ទ្វេភាគីនានា ដូចជា កិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាល កិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយ កិច្ចប្រជុំគណៈកម្មការចម្រុះ ជាដើម
- រៀបចំរបាយការណ៍ពាក់ព័ន្ធ
- បំពេញការងារពាក់ព័ន្ធផ្សេងទៀតតាមការចាត់តាំង។