នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២, ឯកឧត្តម ឈួន សំរឹទ្ធិ អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល (អ.ស.ប.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការថ្លែងមតិបើកវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យគម្រោង (Project Portfolio Database Management System – PPDMS” ដែលគ្រោងប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយនាយកដ្ឋានតានដាន និងត្រួតពិនិត្យការអនុវត្តគម្រោង ហើយមានសិក្ខាកាមចូលរួមប្រមាណ ៤៥ រូប មកពីនាយកដ្ឋានសហប្រតិបត្តិការទ្វេភាគី, នាយកដ្ឋានសហប្រតិបត្តិការពហុភាគី, និងនាយកដ្ឋានតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោង។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង៖ (១) ផ្សព្វផ្សាយអំពីរបៀបនៃការប្រើប្រាស់ប្រព័ន្ធ PPDMS និងការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធ ឱ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ, និង (២) ផ្តល់ការណែនាំពីការអនុវត្តជាក់ស្តែងនៃការបញ្ចូលទិន្នន័យក្នុងប្រព័ន្ធ PPDMS។
នាឱកាសនោះ ឯកឧត្តមក៏បានផ្តែផ្តាំដល់សិក្ខាកាមទាំងអស់ ឱ្យផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងលើកទឹកចិត្តឱ្យមានចូលរួមលើកជាសំណួរពិភាក្សា និងផ្លាស់ប្តូរគំនិតយោបល់ឱ្យបានផុសផុល ព្រោះថាសិក្ខាកាមទាំងនោះនឹងក្លាយជាជនបង្គោលដ៏សំខាន់ ក្នុងការដើរតួនាទីជាអ្នកសម្របសម្រួល និងបន្តកិច្ចសហការក្នុងដំណើរការបញ្ចូលទិន្នន័យគម្រោង ដើម្បីឱ្យប្រព័ន្ធទាំងមូលឈានទៅសម្រេចបាននូវមុខងារផលិតរបាយការណ៍គម្រោងដោយស្វ័យប្រវត្តិ ប្រកបដោយគុណភាព សុក្រឹត្យភាព និងទាន់ពេលវេលា។