នាយកដ្ឋានតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោង បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល លើការងារតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោង/កម្មវិធីហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ ទាំងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី, ពីការឱ្យខ្ចីផ្ទាល់, និងពីមូលបត្ររដ្ឋ និងការងារផ្សេងទៀតតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងក្រសួង។
នាយកដ្ឋានតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោង មានការិយាល័យក្រោមឱវាទចំនួន ៣ ដូចខាងក្រោម៖
១. ការិយាល័យតាមដាន និងត្រួតពិនិត្យគម្រោងទី១
ការិយាល័យតាមដាន និងត្រួតពិនិត្យគម្រោងទី១ ទទួលបន្ទុកការងារតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោង/កម្មវិធីហិរញ្ញប្បទានពីស្ថាប័នហិរញ្ញវត្ថុនិងដៃគូអភិវឌ្ឍន៍ទ្វេភាគី និងមូលនិធិទ្រទ្រង់ថវិកា ដោយមានភារកិច្ចលម្អិតដូចមានចែងក្នុងប្រការ៣៣។
២. ការិយាល័យតាមដាន និងត្រួតពិនិត្យគម្រោងទី២
ការិយាល័យតាមដាន និងត្រួតពិនិត្យគម្រោងទី២ ទទួលបន្ទុកការងារតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោង/កម្មវិធីហិរញ្ញប្បទានពីស្ថាប័នហិរញ្ញវត្ថុនិងដៃគូអភិវឌ្ឍន៍ពហុភាគី និងមូលនិធិទ្រទ្រង់ថវិកា ដោយមានភារកិច្ចលម្អិតដូចមានចែងក្នុងប្រការ៣៣ ព្រមទាំងតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោងហិរញ្ញប្បទានពីការឱ្យខ្ចីផ្ទាល់, និងពីមូលបត្ររដ្ឋ។
ការិយាល័យតាមដាន និងត្រួតពិនិត្យគម្រោងទី១ និងការិយាល័យតាមដាន និងត្រួតពិនិត្យគម្រោងទី២ នៃនាយកដ្ឋានតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោង ទទួលបន្ទុកការងារតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោង/កម្មវិធីជាមួយស្ថាប័នហិរញ្ញវត្ថុនិងដៃគូអភិវឌ្ឍន៍រៀងៗខ្លួន ដោយមានភារកិច្ចលម្អិតដូចតទៅ៖
- ចូលរួមផ្តល់យោបល់លើការងាររៀបចំគម្រោង និងធ្វើការវាយតម្លៃលើភាពរួចរាល់នៃគម្រោង
- ចូលរួមចរចាលើរាល់កិច្ចព្រមព្រៀងរបស់រដ្ឋ ជាមួយដៃគូអភិវឌ្ឍន៍ ពាក់ព័ន្ធនឹងការផ្តល់ហិរញ្ញប្បទានឥតសំណង ការទទួលហិរញ្ញប្បទានឥតសំណង ការខ្ចីប្រាក់ពីគេ ការឱ្យប្រាក់គេខ្ចី ព្រមទាំងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗទៀត
- តាមដាន និងវាយតម្លៃលើសមិទ្ធកម្មនៃការអនុវត្តគម្រោង និងផ្តល់អនុសាសន៍ដំណោះសា្រយបញ្ហា និងវិធានការកែតម្រូវជាប្រព័ន្ធ ហើយរាយការណ៍ជូនថ្នាក់ដឹកនាំតាមការចាំបាច់
- សម្របសម្រួលការពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នកម្មនីតិវិធីរួមសម្រាប់គ្រប់គ្រងការរៀបចំ និងតាមដានការអនុវត្តគម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ ព្រមទាំងរៀបចំនីតិវិធីពាក់ព័ន្ធបន្ថែម តាមការចាំបាច់
- ចូលរួមជាសមាជិកក្នុងគណៈកម្មការត្រួតពិនិត្យកិច្ចលទ្ធកម្ម (Procurement Review Committee) កម្រិតធំ និងកម្រិតមធ្យម
- ត្រួតពិនិត្យ និងវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តគម្រោង (Portfolio Review) ប្រចាំត្រីមាស ឆមាស ឆ្នាំ និងតាមការចាំបាច់ ព្រមទាំងរៀបចំរបាយការណ៍តាមដានប្រសិទ្ធភាពនៃការអនុវត្តគម្រោង
- តាមដាន និងត្រួតពិនិត្យការអនុវត្តវិធានការ និងផែនការសម្មភាពដែលបានឯកភាពរួមគ្នា (Joint Action Plan) រវាងរាជរដ្ឋាភិបាល ជាមួយដៃគូអភិវឌ្ឍន៍ ស្តីពីការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគម្រោង
- សម្របសម្រួលដំណើរការចុះធ្វើសវនកម្មហិរញ្ញវត្ថុប្រចាំឆ្នាំលើការអនុវត្តគម្រោង ព្រមទាំងតាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តតាមអនុសាសន៍របស់សវនករឯករាជ្យ
- រៀបចំ, បង្កើត, និងគ្រប់គ្រងប្រព័ន្ធតាមដាននិងវាយតម្លៃសមិទ្ធកម្មគម្រោង
- ចូលរួមផ្តល់យោបល់លើរបាយការណ៍ស្តីពីការបញ្ចប់គម្រោង (Project Completion Report)
- សម្របសម្រួលការងារវាយតម្លៃក្រោយបញ្ចប់គម្រោង (Project Impact/Performance Evaluation) តាមការចាំបាច់
- ចូលរួមក្នុងដំណើរការរៀបចំកម្មវិធីវិនិយោគសាធារណៈ សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ច្បាប់កែតម្រូវ និងច្បាប់ទូទាត់ថវិកា
- រៀបចំសកម្មភាពបណ្តុះបណ្តាលចាំបាច់នានាសម្រាប់ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគម្រោងបំពេញការងារពាក់ព័ន្ធផ្សេងទៀតតាមការចាត់តាំង។
៣. ការិយាល័យគ្រប់គ្រងទិន្នន័យគម្រោង
ការិយាល័យគ្រប់គ្រងទិន្នន័យគម្រោង មានភារកិច្ច ដូចតទៅ៖
- រៀបចំ, កសាង, និងគ្រប់គ្រងប្រតិបត្តិការប្រព័ន្ធគ្រប់គ្រងទិន្នន័យគម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ (PPDMS) ព្រមទាំងធ្វើបច្ចុប្បន្នភាពប្រព័ន្ធនេះ តាមការចាំបាច់
- សម្របសម្រួលលើការកត់ត្រាទិន្នន័យគម្រោង និងទិន្នន័យពាក់ព័ន្ធផ្សេងទៀត ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យគម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍
- ពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យគម្រោង និងទិន្នន័យពាក់ព័ន្ធ
- រៀបចំសៀវភៅណែនាំស្តីពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យគម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ ព្រមទាំំងធ្វើបច្ចុប្បន្នភាពសៀវភៅណែនាំនេះ តាមការចាំបាច់
- រៀបចំការបណ្តុះបណ្តាលពាក់ព័ន្ធនឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យគម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ ដល់អ្នកប្រើប្រាស់ និងអ្នកពាក់ព័ន្ធផ្សេងទៀត
- សម្របសម្រួលការចូលរួមអនុវត្តការងារពាក់ព័ន្ធនឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យគម្រោងវិនិយោគសាធារណៈ (PIPDMS)
- សិក្សា និងអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យា សម្រាប់សម្រួលដល់ប្រតិបត្តិការការងារគ្រប់គ្រងគម្រោង និងការងារប្រចាំថ្ងៃរបស់នាយកដ្ឋាន
- សហការ និងសម្របសម្រួលជាមួយស្ថាប័នជាតិ និងដៃគូអភិវឌ្ឍន៍ ក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាល ពាក់ព័ន្ធផ្សេងៗបំពេញការងារពាក់ព័ន្ធផ្សេងទៀតតាមការចាត់តាំង។