នាព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឈួន សំរឹទ្ធិ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល (អ.ស.ប) បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំស្តីពី ការអនុវត្តស្តង់ដារគណនេយ្យសាធារណៈកម្ពុជាមូលដ្ឋានសាច់ប្រាក់ និងការរៀបចំផែនការសកម្មភាពកែតម្រូវចំណុចខ្វះខាត តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានគ្រប់គ្រងគម្រោង និងមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុគម្រោងក្រោមក្របខណ្ឌហិរញ្ញប្បទានរបស់ WB, IFAD, AFD និង JICA ព្រមទាំំងសហការីពាក់ព័ន្ធនៃ អ.ស.ប.។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បី៖ ១) បន្តផ្សព្វផ្សាយ និងរំលឹកឡើងវិញដល់គ្រប់ភ្នាក់ងារប្រតិបត្តិ និងអង្គភាពអនុវត្តគម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ ដែលត្រូវអនុវត្តតាមគោលការណ៍ណែនាំស្តីពីការអនុវត្តស្តង់ដាគណនេយ្យសាធារណៈកម្ពុជា មូលដ្ឋានសាច់ប្រាក់ សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទ ២០២០ តទៅ; និង ២) ពិនិត្យលើចំណុចខ្វះខាតរបស់គម្រោង/កម្មវិធី ដែលបានរកឃើញដោយក្រុមហ៊ុនសវនករ ឯករាជ្យក្នុងកិច្ចសវនកម្មប្រចាំឆ្នាំ២០២១ និងក្នុងឆ្នាំកន្លងទៅ និងដាក់ចេញនូវយន្តការដោះស្រាយ តាមរយៈការរៀបចំផែនការកែតម្រូវចំណុចខ្វះខាតទាំងនោះ (Audit Corrective Action Plan)។