(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៉ី (ADB) បានសន្យាផ្តល់ហិរញ្ញប្បទាន ៤០០ លានដុល្លារបន្ថែមទៀតដល់រាជរដ្ឋាភិបាលកម្ពុជា លើ ៤៨០លានដុល្លារ ដែលបានឯកភាពរួចហើយ សម្រាប់ឆ្នាំ២០២៣ និង២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាន។
លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយលោក Winfried F. Wicklein អគ្គនាយករងទទួលបន្ទុកតំបន់អាស៉ីអាគ្នេយ៍នៃធនាគារអភិវឌ្ឍន៍អាស៉ី (ADB) នៅក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹងលទ្ធផលជំនួប បានឲ្យដឹងថា ក្នុងឱកាសនោះ លោក Winfried F. Wicklein បានសំដែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងសភាពការណ៍កូវីដ-១៩ បានល្អប្រសើរ គួរជាទីកត់សម្គាល់របស់ពិភពលោក។ លោកក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ ADB ក្នុងការបន្តជួយគាំទ្រដល់ការអភិវឌ្ឍកម្ពុជា ជាពិសេសការស្តារនិងជំរុញកំណើន សេដ្ឋកិច្ចឡើងវិញ នៅក្នុងក្របខណ្ឌនៃយុទ្ធសាស្រ្តភាពជាដៃគូឆ្នាំ២០២៤-២០២៨។
ADB គ្រោងនឹងផ្តល់ហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់ ១០០ ប៊ីលានដុល្លារអាមេរិក ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅក្នុងតំបន់សម្រាប់ឆ្នាំ២០១៩-២០៣០។ ក្នុងទិសដៅនេះ, ADB បានបង្កើតនូវគំនិតផ្តួចផ្តើមជាច្រើនក្នុងតំបន់ ក៏ដូចជាផ្តល់ការគាំទ្រដល់កម្ពុជាតាមរយៈយន្តការខាងលើនេះផងដែរ។ ADB នឹងបង្កើនកិច្ចប្រតិបត្តិការដើម្បី ជួយដល់វិស័យឯកជនថែមទៀត។
លោក វង្សី វិស្សុត បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ADB ដែលបានចូលរួមចំណែកនៅក្នុងកិច្ចដំណើរការស្តារនិងអភិវឌ្ឍកម្ពុជា ចាប់តាំងពីដើមទសវត្សឆ្នាំ៩០ រហូតមកទល់នឹងពេលនេះ ពិសេសការជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ លោកបានសង្កត់ធ្ងន់ថា ADB គឺជាដៃគូដ៏សំខាន់និងជាទីទុកចិត្ត ហើយជាដៃគូអភិវឌ្ឍន៍ធំលំដាប់ទី២របស់កម្ពុជា និងស្ថិតនៅលំដាប់ទី១ ប្រសិនបើគិតជាស្ថាប័នហិរញ្ញវត្ថុពហុភាគីវិញ។
កម្ពុជាពិតជាពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជា ដៃគូកន្លងមក។ លោកក៏បានថ្លែងអំណរគុណជាពិសេសដល់ ADB ដែលបានវិភាជន៍នូវកញ្ចប់ហិរញ្ញប្បទានប្រមាណ ៤០០ លានដុល្លាអាមេរិក បន្ថែមពីលើកញ្ចប់ហិរញ្ញប្បទានដែលបានគ្រោងចំនួន ៤៨០ ដុល្លាអាមេរិក សម្រាប់ឆ្នាំ២០២៣ និង២០២៤។ ភាគីទាំងពីរនឹងពិភាក្សាលើបញ្ជីកម្មវិធី/គម្រោង តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់កម្រិតនយោបាយក្នុងពេលឆាប់ៗខាងមុខនេះ។
លោក វង្សី វិស្សុត លើកឡើងផងដែរថា ក្រៅពីការទទួលបាននូវជោគជ័យដ៏ធំធេង នៅក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩, រាជរដ្ឋាភិបាលកម្ពុជាក៏បានគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់អវិជ្ជមានពីវិបត្តិនៃជំងឺនេះមកលើសង្គម-សេដ្ឋកិច្ចកម្ពុជាបានយ៉ាងល្អប្រសើរផងដែរ តាមរយៈការដាក់ចេញដោយទាន់ពេលវេលា និងអនុវត្តប្រកបដោយប្រសិទ្ធភាព នូវកញ្ចប់អន្តរាគមន៍ និងជំនួយសង្គមជាច្រើនដល់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះ ក៏ដូចអាជីវកម្មដែលរងផលប៉ះពាល់ដោយវិបត្តិនេះ។ ជាក់ស្តែង កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដែលជាជំនួយសង្គមសម្រាប់ជួយប្រជាជនក្រីក្រ និងជនងាយរងគ្រោះ ត្រូវបានវាយតម្លៃដោយដៃគូអភិវឌ្ឍន៍ថា ពិតជាបានចូលរួមចំណែកលើកកម្ពស់ជីវភាព និងបញ្ចៀសពីការធ្លាក់ចូលទៅក្នុងបញ្ហាអសន្តិសុខស្បៀង បំណុលវ័ណ្ឌក ការលក់ទ្រព្យសកម្មរបស់គ្រួសារ និងជួយសម្រាលបន្ទុកចំណាយ ពិសេសការចំណាយលើម្ហូបអាហារ ថ្នាំសង្កូវ និងការអប់រំ។ កម្មវិធីនេះក៏បានចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយកំណើនអត្រានិកម្មភាពផងដែរ។
ក្រៅពីការផ្លាស់ប្តូរមតិលើស្ថានភាពសេដ្ឋកិច្ច ក៏ដូចជាបញ្ហាប្រឈមមួយចំនួន ដែលពិភពលោក, តំបន់ និងកម្ពុជាបាននិងកំពុងជួបប្រទះ ភាគីទាំងពីរក៏បានពិភាក្សាអំពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ADB ផងដែរ ដែលតាមរយៈនេះ ឯកឧត្តម វង្សី វិស្សុត បានស្នើដល់ ADB បន្តការគាំទ្រដល់គម្រោង/កម្មវិធី ក្នុងវិស័យអាទិភាពមួយចំនួន នៅក្នុងរយៈពេលមធ្យម និងវែង មានជាអាទិ៍៖
១៖ ការកែទម្រង់រចនាសម្ព័ន្ធក្នុងវិស័យអាទិភាព និងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង ផលិតភាព និងពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងដើម្បីអាចទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។
២៖ ការអភិវឌ្ឍធនធានមនុស្ស ដោយផ្តោតលើការពង្រឹងប្រព័ន្ធសុខាភិបាល អប់រំ និងការអភិវឌ្ឍជំនាញ។
៣៖ ការលើកកម្ពស់កំណើនបៃតង (Green growth) ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ផ្អែកលើអភិក្រមរក្សាតុល្យការរវាងកំណើនសេដ្ឋកិច្ច និងតម្រូវការបៃតង។
៤៖ ការអភិវឌ្ឍវិស័យថាមពលដែលមានប្រសិទ្ធភាព ដោយមានការរៀបចំគោលនយោបាយ ផែនការវិនិយោគ និងការប្រើប្រាស់បច្ចេកវិទ្យាសមស្រប ដែលពុំធ្វើឱ្យប៉ះពាល់ដល់សន្តិសុខថាមពល និងភាពប្រកួត ប្រជែងរបស់កម្ពុជា។
៥៖ ការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីអាចធានាសន្តិសុខស្បៀងផង និងជំរុញការធ្វើពាណិជ្ជូបនីយកម្មផង។
៦៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដោយផ្តោតជាពិសេសលើការរៀបចំប្រព័ន្ធលូ ប្រព័ន្ធប្រព្រឹត្តកម្ម និងការគ្រប់គ្រងសំណល់ផ្សេងៗ ដោយមានការរៀបចំផែនការមេ និងផែនការវិនិយោគច្បាស់លាស់ រួមទាំងការគិតគូរអំពីយន្តការស្រង់ថ្លៃដើមថ្លៃវិនិយោគ (Cost recovery) និងនិរន្តរភាពប្រតិបត្តិការផងដែរ។
៧៖ ការគ្រប់គ្រងធនធានទឹក ប្រកបដោយប្រសិទ្ធភាព តាមរយៈការវិនិយោគសាងសង់ប្រព័ន្ធទំនប់ ស្ទាក់ទឹក អាងស្តុកទឹក ប្រឡាយ និងធារាសាស្រ្តស្របតាមផែនការមេច្បាស់លាស់ ដើម្បីអាចដោះស្រាយ គ្រោះរំាងស្ងួតផង និងទប់ទល់គ្រោះទឹកជំនន់ផង ពោលគឺសំដៅធ្វើយ៉ាងណាឱ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់នៅក្នុងរដូវប្រាំង ហើយមិនមានការជន់លិចដោយសារជំនន់ទឹកភ្លៀងនៅក្នុងរដូវវស្សា។
៨៖ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ដោយផ្តោតជាពិសេសលើវិស័យមូលបត្រ បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និងឌីជីថលូបនីយកម្ម ព្រមទាំងវិស័យហិរញ្ញវត្ថុមិនមែនធនាគារផ្សេងៗទៀត។
គួរបញ្ជាក់ដែរថា គិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២, ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់ប្រទេសកម្ពុជា សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ចំនួន ១៨៩ ដែលមានទឹកប្រាក់សរុបប្រមាណ ៤,៤១០ ប៊ីលានដុល្លារអាមេរិក ដែលក្នុងនោះ (១).ឥណទានសម្បទានប្រមាណ ៣ ៨៨៧ លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានគម្រោងចំនួន ១២៤ ក្នុងនោះគម្រោងចំនួន ៨៣ បានបញ្ចប់ និងគម្រោងចំនួន ៤១ កំពុងដំណើរការ និង (២).ហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៥២៣ លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានគម្រោងចំនួន ៦៥ ក្នុងនោះគម្រោងចំនួន ៤១ បានបញ្ចប់ និងគម្រោងចំនួន ២៤ កំពុងដំណើរការ។
ហិរញ្ញប្បទានសហប្រតិបត្តិការទាំងនេះ បានប្រើប្រាស់សម្រាប់ធ្វើការវិនិយោគទៅលើវិស័យអាទិភាពចាំបាច់នានា ដូចជា៖ វិស័យកសិកម្ម និងធនធានធម្មជាតិ, ទឹកស្អាត, ហេដ្ឋារចនាសម្ព័ន្ធក្រុង, គមនាគមន៍និងបច្ចេកវិទ្យាព័ត៌មាន, ឧស្សាហកម្ម និងពាណិជ្ជកម្ម, ហិរញ្ញវត្ថុ, ការគ្រប់គ្រងសាធារណៈ,អប់រំ និងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងសុខាភិបាល ព្រមទាំងវិស័យថាមពល និងពហុវិស័យ៕